នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង ព្រមទាំងមន្រ្តីជំនាញ បានចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តនីតិវិធីការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផលការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបង្កើនសមត្ថភាពនិងការយល់ដឹងរបស់មន្ត្រីរាជការ ព្រមទាំងផ្សព្វផ្សាយពីទិសដៅការងារអនុវត្តបន្ត លើការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការរបស់ក្រសួង និងការងារពិនិត្យ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ ផងដែរ។